
អាមេរិក គ្រោងដកបម្រាមធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង នៅចុងខែនេះ
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក គ្រោងលុបចោលការហាមឃាត់ការធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន ៨ ប្រទេស នៅថ្ងៃទី ៣១ ខែ ធ្នូ ខាងមុខនេះ ដែលខ្លួនបានដាក់ កាលពីចុងខែ វិច្ឆិកា កន្លងទៅ ដោយសារបារម្ភខ្លាចពីវីរុស Omicron ដែលត្រូវបានរកឃើញលើកដំបូងនៅក្នុងតំបន់នោះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសេតវិមាន កាលពីថ្ងៃសុក្រ។
ជំនួយការលេខាធិការសារព័ត៌មានសេតវិមានលោក Kevin Munoz បាននិយាយថា ការរឹតបន្តឹងនេះបានផ្តល់ឱ្យយើងនូវពេលវេលា ដើម្បីស្វែងយល់ពីវីរុស Omicron ឲ្យកាន់តែច្បាស់ និងជួយឲ្យយើងបានដឹងថាតើវ៉ាក់សាំងដែលយើងផ្ដល់ឲ្យប្រជាជនទូទៅមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Omicron នេះដែរឬអត់។
ទន្ទឹមនោះ រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ក៏បានសាទរចំពោះប្រទេសអាហ្វ្រិកខាងត្បូង ដែលស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានជូនដំណឹងដល់ពិភពលោកអំពីការរកឃើញនូវវីរុសបម្លែងខ្លួនថ្មី និងសាទរចំពោះតម្លាភាពក្នុងការចែករំលែកព័ត៌មានផងដែរ។
គួរបញ្ជាក់ថា វីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិកខាងត្បូង ដែលជាវីរុសមានសមត្ថភាពអាចឆ្លងលឿន និងអាចធន់ជាមួយវ៉ាក់សាំងផងដែរ៕