ថ្ងៃនេះ​ ថៃមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​២,៤៣៧​ករណីបន្ថែមទៀត ​និង​ស្លាប់​១៨​នាក់​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះបានបន្តរកឃើញ​ករណី​ឆ្លង​ថ្មី នៃជំងឺកូវីដ-១៩​ចំនួន២,៤៣៧ករណីបន្ថែមទៀត និងស្លាប់​ដោយសារ​ជំងឺដ៏កាចសាហវនេះ​ចំនួន១៨នាក់ទៀតផងដែរ ​ក្នុងរយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ ។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន​២,៤១៩​ករណី​ជា​ប្រជាជន​ទូទៅ និង ១៨​ករណី​ទៀត​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​។ ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៣,៨៤៥​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​នៅ​ដើម​ឆ្នាំមុន ប្រទេស​ថៃ​មាន​ករណី ឆ្លង​កូ​វីដ​១៩​ចំនួន ២,២១២,៤០៧​ករណី ដោយ​ក្នុងនោះ​ជាសះស្បើយ​ចំនួន ២,១៥៦,៣៧៣​ករណី​។​ចំនួន​អ្នក​ស្លាប់មាន ២១,៥០៤​នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២១,៥៩៨​នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕