អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង ខេត្តរតនគិរី។

ពាក់ព័ន្ធការប្រឡងនេះដែរ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានអោយដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២១-២០២២នេះ មានចំនួន ២មណ្ឌលប្រឡង គឺមណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន១១បន្ទប់ មានបេក្ខជនសរុប២៧២នាក់ ស្រី១៥១នាក់ និងមណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន៤២បន្ទប់ មានបេក្ខជនសរុប១,០៣៧នាក់ ស្រី៤៦០នាក់។ សរុបទាំង២មណ្ឌល មានចំនួនបេក្ខជនសរុប ១,៣០៩ ស្រី៦១១នាក់ ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៥២៩នាក់ ស្រី២២៣នាក់ផងដែរ។

ក្នុងការអញ្ជើញបើកវិញ្ញាសាប្រឡងនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់។

គួរបញ្ជាក់ថា ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩ ការប្រឡងឆ្នាំនេះមានការវាស់កំដៅ បាញ់អាល់កុលសម្អាតដៃហើយបេក្ខជនបេក្ខនារីទាំងអស់ ត្រូវពាក់ម៉ាស់និងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើមទើបអនុញ្ញាតឲ្យចូលប្រឡង។ ជាពិសេសមានគ្រូអនុរក្ស ចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡងមុននឹងអោយចូលក្នុងបន្ទប់ប្រឡងសំដៅធានាថា បេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។

ដោយឡែកនៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុម ស.ស.យ.ក ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំងពីរនោះថែមទៀតផង៕ ដោយ ៖ ភួង ផុន