គ្រោះទឹកជំនន់ដ៏អាក្រក់នៅម៉ាឡេស៊ី សម្លាប់មនុស្ស​កើនឡើង​ដល់​៤៧​នាក់​​

​ម៉ាឡេស៊ី ៖ អាជ្ញាធរ​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ទឹកជំនន់​ដ៏​ធំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង​ដល់​៤៧​នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​។​

​អធិការ​ប៉ូលិស​លោក Acryl Sani Abdullah Sani បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រៅពី​អ្នកស្លាប់ ក៏មាន​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​រាយការណ៍​ថា ​បាន​បាត់​ខ្លួន​។​ ចំនួន​អ្នក​ជម្លៀស​ខ្លួន​ដោយសារ​ទឹកជំនន់​ក្នុងប្រទេស​បាន​ធ្លាក់​ចុះមក​នៅត្រឹម៣២.៩៣៤នាក់​នៅក្នុង​រដ្ឋ​ចំនួន ៥ គិត​ត្រឹម​ម៉ោង១០យប់​។ នេះ​បើតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ​។​

​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅតែ​ជា​រដ្ឋ Pahang ដោយមាន​មនុស្ស​ជាង ១៧,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ បន្ទាប់មក​គឺ​រដ្ឋ Selangor ដែលមាន​មនុស្ស​ជាង ១៥,០០០ នាក់​ត្រូវបាន​ជម្លៀសចេញ​។​ ទន្ទឹមនឹងនេះ នាយកដ្ឋាន​ធនធានទឹក​និង​ប្រព័ន្ធធារាសាស្ត្រ​របស់​ប្រទេស​បាន​ព្រមាន​អំពី​ទឹកជំនន់​នៅក្នុង​រដ្ឋ​ភាគ​ខាងកើត​នៃ​រដ្ឋ Kelantan និង Terengganu ចាប់ពី​ថ្ងៃទី ៣០ ខែធ្នូ​ដល់​ថ្ងៃទី ៣១ ខែធ្នូ​៕