
តួកគីបើកការវាយប្រហារតាមផ្លូវអាកាស សម្លាប់ក្រុមសកម្មប្រយុទ្ធឃើដ ១៣នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់
ប្រភព៖ Reuters
អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា យោធាតួកគីបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើភាគខាងជើងប្រទេសអ៉ីរ៉ាក់ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធជនជាតិឃើដចំនួន ១៣នាក់។
ក្រសួងការពារជាតិតួកគី បានបង្ហោះសារនៅបណ្តាញសង្គម X ថា ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ (PKK) ១៣នាក់ ត្រូវរងនូវការវាយប្រហារតាមអាកាសលើតំបន់ Hakurk និងទីតាំងដែលស្ថិតក្រោមប្រតិបត្តិការយោធាតួកគី នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់។ ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា «ប្រតិបត្តិការរបស់យើងនឹងបន្តជាមួយនឹងការប្តេជ្ញាចិត្ត រហូតដល់ប្រាកដថាមិនមានភេរវករណាម្នាក់នៅសេសសល់ក្នុងតំបន់នេះ»។
PKK ត្រូវបាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏ដូចជាតួកគីចាត់ទុកជាអង្គការភេវកម្ម និងបានកាន់កាប់អាវុធ ប្រឆាំងរដ្ឋាភិបាលតួកគីកាលពីឆ្នាំ ១៩៨៤ ហើយមនុស្ស ជាង ៤០,០០០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះ។ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃទី១ ខែតុលាមក តួកគីបានបង្កើនការវាយប្រហារលើក្រុម PKK នៅក្នុងប្រទេសស៉ីរី និងអ៉ីរ៉ាក់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕