
រកឃើញមានវត្តមានខ្លាធំ នៅកម្ពុជា
ភ្នំពេញ៖ កម្ពុជាតាមរយៈកាម៉េរ៉ា បានឃើញមានមានវត្តមានខ្លាធំឡើងវិញ។ មន្រ្តីឧទ្យានុរក្ស នៅក្នុងតំបន់ជួរភ្នំក្រវាញ ថតបានខ្លាធំចំនួន១ក្បាល ដែលប្រភេទសត្វកម្របំផុតនិងសង្ស័យផុតពូជពីកម្ពុជា នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ច្រើនឆ្នាំហើយ ដែលយើងខិតខំការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងតាមដាន ស្រាវជ្រាវ ដោយដាក់កាម៉េរ៉ាបង្កប់ក្នុងព្រៃ ដើម្បីតាមដានប្រភេទជីវៈចម្រុះ ប៉ុន្តែមិនដែលជួបប្រទះ។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវសេចក្តីរីករាយចំពោះព័ត៌មានការរកឃើញវត្តមានខ្លាធំ និងសំណូមពរឲ្យមានការតាមដានបន្តស្រាវជ្រាវប្រភេទសត្វខ្លាធំ ព្រមទាំងធ្វើការអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយើង ដាច់ខាតកុំប្រមាញ់ និងជួយការពារប្រភេទខ្លាធំនៅកម្ពុជាឲ្យបានគង់វង្ស។
សូមបញ្ជាក់ថា ខ្លាធំឬខ្លាដំបង បានចាត់ក្នុងក្រុមប្រភេទជិតផុតពូជក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ វត្តមានរបស់ខ្លាធំមាននៅសេសសល់កម្របំផុត នៅតាមតំបន់មួយចំនួន ដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា៕