
ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នៅមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញកាត់វិញ្ញាសាប្រឡងនៅមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យគោរពនូវបទបញ្ជាផ្ទៃក្នុង ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងគ្រប់ៗគ្នាក្នុងការប្រឡង។ ឯកឧត្តមបន្ថែមថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្មួយៗ សិក្សារៀនបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាថ្ងៃវាស់ស្ទង់សមត្ថភាពដែលមានសារសំខាន់បំផុត នៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់សិស្សគ្រប់រូប និងជាពិសេសត្រូវថែទាំសុខភាព ទាំងការហូបចុក និងស្នាក់នៅ។
សូមបញ្ចាក់ផងដែរថា បើតាមការឲ្យដឹងពី លោក ហ៊ាង ពូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានលើកឡើងថា៖ ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមាន មណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន ៣២បន្ទប់ និងបន្ទប់ត្រៀមមានចំនួន៤បន្ទប់បន្ថែមទៀត បេក្ខជនសរុបចំនួន៧៧៩នាក់ ស្រីចំនួន ៤១៥នាក់ ក្នុងនោះបែងចែកចេញជា ២៖ ១).ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់, ២).ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕