
អ្នកសារព័ត៌មានជាច្រើនសម្តែងការមិនពេញចិត្ត បន្ទាប់ពីក្រសួងចេញបម្រាមមិនអនុញ្ញាតឲ្យបន្តប្រើប្រាស់បណ្ណអង្គភាព
អត្ថបទ៖ ថោង វណ្ណា
ភ្នំពេញ៖ អ្នកសារព័ត៌មានជាច្រើនបានលើកឡើងថា ការចេញបម្រាមមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាព គឺជារឿងមិនត្រឹមត្រូវឡើយ ព្រោះអ្នកសារព័ត៌មានជាស្ថាប័នអាជីវកម្មឯករាជ្យ ធ្វើការបម្រើសង្គមគ្មានប្រាក់ខែ ហើយអ្នកសារព័ត៌មានភាគច្រើនពុំមានប្រាក់ចំណូល និងពុំមានប្រាក់ឧបត្ថម្ភ ប៉ុន្តែពួកគេមានឆន្ទៈក្នុងការចូលរួមបម្រើសង្គម។
ក្រុមអ្នកសារព័ត៌មានខាងលើបានលើកឡើងថា ពួកគាត់សូមគាំទ្រនូវវិធានការរបស់ក្រសួងព័ត៌មាន និងជំរុញឲ្យមានការចុះបញ្ជីក្រសួងពាណិជ្ជកម្មឲ្យបានគ្រប់ៗគ្នា និងស្នើសុំដល់ក្រសួងព័ត៌មាន ផ្តល់សិទ្ធិក្នុងការប្រើប្រាស់បណ្ណដែលចេញដោយអង្គភាព ចំពោះបណ្ណព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន គួរមានការផ្តល់ត្រឹមតែ ចាងហ្វាង និពន្ធនាយក ឬនិពន្ធនាយករង។
ជាមួយនឹងបម្រាមខាងលើនេះដែរ លោក ម៉ាញ់ ណារ៉េត ចាងហ្វាងការផ្សាយសារព័ត៌មាន “ទស្សនៈសង្គម” បានចេញមុខប្រតិកម្មខ្លាំងៗបន្ទាប់ពីក្រសួងព័ត៌មានបានប្រកាសថា រាល់ការចេញបណ្ណព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសមាជិកថ្មី។
តាមរយៈក្លីបវីដេអូ Video លោក ម៉ាញ់ ណារ៉េត បានលើកឡើងថា អង្គភាពកាសែត ១ ឬ២ ឬ៣ ឬ៤ ឬ៥ ណាធ្វើខុស ក្រសួងព័ត៌មានដកអាជ្ញាបណ្ណចុះ ប៉ុន្តែបច្ចុប្បន្ននេះក្រសួងព័ត៌មាន ហាក់ដូចជាធ្វើហួសពេកហើយ។
លោកថា អង្គភាពកាសែត១ ចាងហ្វាងកាសែតចេញបណ្ណឲ្យបុគ្គលិករបស់គេ គឺត្រូវហើយ មិនគួរបិទសិទ្ធិមិនឲ្យចេញបណ្ណបុគ្គលិករបស់អង្គភាពគេទេ។
ដោយឡែកពាក់ព័ន្ធការបន្តសុពលភាពអាជ្ញាបណ្ណគេហទំព័រ ឬអនឡាញ លោកស្នើសុំដល់ក្រសួងព័ត៌មាន គួរតែអនុញ្ញាត៥ឆ្នាំបន្តម្តង ព្រោះ១ឆ្នាំម្តងលឿនណាស់ ពួកលោកធ្វើការគ្មានប្រាក់ខែ គ្មានប្រាក់បៀវត្ស គ្មានប្រាក់ឧបត្ថម្ភទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញលិខិតជម្រាបជូន ម្ចាស់អង្គភាពអាជីវកម្មវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្នើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យសារព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមខ្លឹមសារនៃលិខិតបានគូសបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ៧០ អនក្រ.បក វិះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងសេចក្តីជូនដំណឹងលេខ ១១១៤ សជណ.ពប ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឲ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាពស្ថាប័នព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានបានធ្វើការណែនាំចំនួន ៥ចំណុច ក្នុងនោះចំណុចទី៥ គឺក្រសួងបានបញ្ជាក់ថា រាល់ការផ្តល់ប័ណ្ណសំគាល់ដល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសមាជិកថ្មី។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជំនួបលើកទី៥ ជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះលើកលែងការបង់ពន្ធប៉ាតង់ រយៈពេល៥ឆ្នំា ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ បន្ទាប់ពីមានការស្នើសុំដល់ សម្តេចតេជោ ឲ្យជួយអន្តរាគមន៍ ដោយមូលហេតុថា អង្គភាពសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញភាគច្រើន គ្មានប្រាក់ចំណូល និងពុំមានលទ្ធភាពក្នុងការការបង់ពន្ធប៉ាតង់ជូនរដ្ឋឡើយ៕