
ត្រាំ ប្តេជ្ញាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិក IPEF បើជាប់ឆ្នោតជាថ្មី
ប្រភព៖ Reuters
អាយអូវ៉ា៖ លោក ដូណាល់ ត្រាំ ដែលនាំមុខគេសម្រាប់ការតែងតាំងបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបាននិយាយនៅថ្ងៃអាទិត្យថាបើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២៤ លោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកដែលប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុងព្យាយាមបង្កើតឡើង។
ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋអាយអូវ៉ា លោកត្រាំអះអាងថាលោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងចរចាដោយរដ្ឋាភិបាលលោក បៃឌិន ជាមួយប្រទេស១៣ផ្សេងទៀត ដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានការបាត់បង់ការងារ។
កិច្ចពិភាក្សាផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន មិនទទួលបានជោគជ័យទេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំងវៀតណាម និងឥណ្ឌូនេស៊ីផងដែរនោះបានបដិសេធប្តេជ្ញាចិត្តអនុវត្តស្តង់ដារពលកម្មនិងបរិស្ថានដែលមានកម្រិតខ្ពស់។
លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានបង្កើតឡើងជាមួយប្រទេសភាគច្រើនដូចគ្នាទៅនឹងសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ IPEF បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០១៧។ លោក ត្រាំ បាននិយាយថា លោកនឹង «បោះបង់» នូវអ្វីដែលលោកហៅថា «កិច្ចព្រមព្រៀង TPP ទី២» ភ្លាមៗ បន្ទាប់ពីលោកចូលកាន់អំណាច។
លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Fort Dodge ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគខាងជើងទីក្រុង Des Moines ថា៖ «ស្ថិតក្រោមរដ្ឋាភិបាលបន្ទាប់ … ផែនការរបស់ បៃឌិន សម្រាប់កិច្ចព្រមព្រៀង TPP ទី២ នឹងស្លាប់នៅថ្ងៃមួយ»។
លោកបានបន្ថែមថា៖ «វាអាក្រក់ជាងកិច្ចព្រមព្រៀងលើកទីមួយទៅទៀត ដោយគំរាមគំហែងដល់កសិករ និងអ្នកផលិតជាមួយនឹងភាពគួរឱ្យខ្លាចជាលក្ខណៈសកលដ៏ធំមួយទៀត ដែលបង្កើតឡើងដើម្បីបង្កើនឥទ្ធិពលដោយប្រើប្រាស់អាស៊ី»៕