កម្ពុជា-ជប៉ុន រំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សមាគមជប៉ុន ប្រចាំកម្ពុជា នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអុជកាំជ្រួចជប៉ុន នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរទំនាក់ទំនងខួប ៧០ឆ្នាំ (១៩៥៣-២០២៣) រវាងប្រទេសទាំងពីរ។
ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង សមាគមជប៉ុន-កម្ពុជា ដោយមានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានពិធីអុជកាំជ្រួច នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងថា ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ហ្វ៊ូមីអាគិ តាកាហាស្សី អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន បានស្នើសុំនាំកាំជ្រួចពីជប៉ុន មកបាញ់នៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងប្រទេសកម្ពុជា-ជប៉ុន។
សំណើនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតព្រោះការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង ជាការបង្ហាញពីភាពសប្បាយរីករាយ ក្នុងខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
សម្រាប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈ បង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ៕