
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកពាក់ព័ន្ធជំរុញកសិផលឡើងលើផ្សារឌីជីថល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាណែនាំឱ្យអ្នកពាក់ព័ន្ធជំរុញកសិផលឡើងលើផ្សារឌីជីថល ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី៕