សម្តេចធិបតីជំរុញឱ្យពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្មដែលប្រជាកសិករខ្មែរបានដាំក្នុងស្រុកឱ្យបានច្រើនដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»នាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់សហការគ្នា ចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្មនៅក្នុងប្រទេសដើម្បីលើកកម្ពស់ជីវិភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕