សកម្មភាពកាប់រានព្រៃលិចទឹកនៅភូមិទួលសាងាំ សូមអាជ្ញាធរ និងជំនាញជួយមើលផង

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ទីតាំងដីព្រៃលិចទឹកមួយកន្លែងមិនដឹងថា មានប្លង់កម្មសិទ្ធិ ឬយ៉ាងណានោះទេ កំពុងត្រូវបានមនុស្សមួយក្រុមធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញយ៉ាងស្ងៀមស្ងាត់បំផុត មិនរំខានដល់មន្ត្រីជំនាញ ឬអាជ្ញាធរឡើយ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឲ្យដឹងថា ទីតាំងដីព្រៃលិចទឹកដែលកំពុងរង់ការកាប់បំផ្លិចបំផ្លាញនេះ នៅម្តុំក្បែរវត្តថ្មី (ហៅវត្តទួលសាងាំ) ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រជាពលរដ្ឋបានលើកឡើងក្នុងន័យសង្ស័យថា អាចមានអ្នកធំ ឬអ្នកមានអំណាចណាម្នាក់នៅពីក្រោយ ទើបមិនឃើញសមត្ថកិច្ច ជំនាញ ឬអាជ្ញាធរអើពើចុះទៅបង្ក្រាប ឬសួរនាំពីច្បាប់ទម្លាប់អ្វីឡើយ ប៉ុន្តែបើសម្រាប់ប្រជាពលរដ្ឋធម្មតាវិញប្រហែលជាជាប់ខ្នោះដៃអាល័យស្នេហ៍បាត់ទៅហើយ។

បើតាមឯកសារដែល “ភ្នំពេញដេលី” Phnom Penh Daily Media , www.ppd-news.net ទទួលបានទីតាំងដីព្រៃលិចទឹករបស់រដ្ឋខាងលើនេះ គឺមានការឃុបឃិតទិញ-លក់តាំងពីឆ្នាំ២០១៧ ដែលមានផ្ទៃដីទំហំ ៥៥ឥ០៥៨ ម៉ែត្រការ៉េ។

ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ សមត្ថកិច្ច អាជ្ញាធរឃុំ/ស្រុក ពិសេសមន្ត្រីជំនាញជនផល ដើម្បីចុះពិនិត្យ ឬមានវិធានការទប់ស្កាត់តាមការគួរ៕