មន្រ្តីមន្ទីរសេដ្ឋកិច្ច ខេត្តមណ្ឌលគិរី និងរតនគិរីប្រមាណ ៨០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ/សង្កាត់

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ/សង្កាត់ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រូបង្គោល និងមន្រ្តីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងរតនគិរីប្រមាណ ៨០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់តួនាទី និងភារកិច្ចស្នូលជាច្រើន ដូចជារជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករចំណូល ភ្នាក់ងារបើកផ្ដល់ ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យគ្រប់គ្រង និងតាមដានការអនុវត្តថវិកាជាដើម ដែលតួនាទី និងភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងវិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅធានាឱ្យបាននូវការគ្រប់គ្រង និងការចាត់ចែងប្រើប្រាស់ថវិកាឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅឈានទៅសម្រេចលទ្ធផល រំពឹងទុក។

លោក អភិបាលរងខេត្ត ជឿជាក់ថា ក្រោយបញ្ចប់ វគ្គសិក្សាសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពិតប្រាកដ លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បំពេញតួនាទី ភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់ នៅតាមអង្គភាព ការងាររៀងៗខ្លួន ជាក់ជាពុំខាន៕