
ឯកឧត្តម ស៊ឹម ស៊ូឡង អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ឹម ស៊ូឡង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។
លោក វណ្ណ ភារី ប្រធានមន្ទីរព័ត៌មានខេត្តស្តីទី បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងវិស័យព័ត៌មាននៅក្នុងខេត្ត មន្ទីរព័ត៌មាន ក្នុងនាមជាសេនាធិការឲ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត មន្ទីរបានខិតខំប្រឹងប្រែងចុះយកព័ត៌មាន អំពីព្រឹត្តការណ៍ និងសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត ក្រុង/ស្រុក និងក្រសួងស្ថាប័ននានា ក្នុងការផ្សព្វផ្សាយសកម្មភាពការងារសំខាន់ៗរបស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្ត ជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយតាម Facebook page មន្ទីរ តាមវិទ្យុជាតិខេត្ត និងបញ្ជូនព័ត៌មានផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ជាពិសេស មន្ទីរបានចូលរួមទប់ស្កាត់បានទាន់ពេលវេលានូវការលុបបំបាត់ ព័ត៌មានក្លែងក្លាយក្នុងចេតនាមិនល្អផ្សេងៗ។ លោកបញ្ជាក់ថា សម្រាប់ស្ថានីយផ្សាយវិទ្យុជាតិខេត្ត និងស្ថានីយវិទ្យុឯកជន ក្នុងខេត្តមានចំនួន ០២ ទី១. វិទ្យុជាតិខេត្តមណ្ឌលគិរី FM97.0MHz និងទី២. ស្ថានីយវិទ្យុបាយ័ន FM93.0MHz ផ្សាយបន្ត រីឯភ្នាក់ងារទូរទស្សន៍ និងអ្នកសារព័ត៌មានឯកជនមានចំនួន ២៧នាក់ មកពី ១៩ស្ថាប័ន និងអង្គភាពសារព័ត៌មាន គេហទំព័រព័ត៌មាន មានទីស្នាក់ការនៅក្នុងខេត្ត មានចំនួន ៦ទីស្នាក់ការ។
ឯកឧត្តម ស៊ឹម ស៊ូឡង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានពាំនាំការផ្តាំផ្ញើ នឹងការនឹករឮកពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងគិតគូរពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ។ ឯកឧត្តម បញ្ជាក់ថា គោលបំណង ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅរបស់មន្ទីរព័ត៌មានខេត្ត និងពិនិត្យលទ្ធផលការងារ និងបញ្ហាប្រឈមរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី និងកិច្ចការមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមសហការ និងទទួលខុសត្រូវ ក្នុងវិស័យព័ត៌មាននាពេលកន្លមមកបានល្អប្រសើរ។ ឯកឧត្តម បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ត្រូវពង្រឹងបន្ថែមទៀត ក្នុងការរក្សាសាមគ្គីភាព ពង្រីកផ្សាយឲ្យកាន់តែខ្លាំងជាងមុន និងផ្សព្វផ្សាយព័ត៌មានពិត ឲ្យបានលឿនរហ័សអាចជឿទុកចិត្តបាន និងបន្សាបព័ត៌មានក្លែងក្លាយ៕