
អភិបាលខេត្តកែបផ្តាំផ្ញើដល់បេក្ខជនប្រឡង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើវិញ្ញាសាដោយប្រុងប្រយ័ត្ន ដើម្បីទទួលបានជោគជ័យគ្រប់ៗគ្នា
ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបានផ្តាំផ្ញើដល់បេក្ខជន ប្រឡង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើវិញ្ញាសាដោយប្រុងប្រយ័ត្ន ជៀសការលួចចម្លង ដែលអាចនឹងត្រូវបញ្ឈប់ការប្រឡង និងធ្លាក់ដោយស្វ័យប្រវត្ត ពិសេសត្រូវគោរពវិន័យម៉ោងពេលវេលាអោយទៀងទាត់ ការធ្វើដំណើរទៅប្រឡងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលនេះថ្ងៃដ៏សំខាន់ ក្នុងរយៈពេល១២ឆ្នាំ ដែលយើងខិតខំរៀនសូត្រ ឯកឧត្តម ក៏សូមជូនពរប្អូនៗទាំងអស់ទទួលបាន ជោគជ័យ ក្នុងការប្រឡងគ្រប់ៗគ្នា។
ការផ្តាំផ្ញើនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ ឆ្នាំសិក្សា ២០២០-២០២១ នៅ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះដោយមានការ ចូលរួម ពីសំណាក គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ ព្រមទាំង អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងការចូលរួមសង្កេតការណ៍ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្សតាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាននូវគោលការណ៍ណែនាំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា បទបញ្ញត្តិ និងបទញ្ជាផ្ទៃក្នុងនានាដើម្បីធានាឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ ដោយអនុវត្តតាមពាក្យស្លោក “ចេះគឺជាប់”។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឆ្នាំសិក្សា ២០២០-២០២១នេះ ខេត្តកែប មានមណ្ឌលប្រឡងចំនួន ០២ មណ្ឌល ស្មើនឹង១៣បន្ទប់ មានសិស្សសរុប៣០៩នាក់ ស្រី១៦២នាក់ ក្នុងនោះស្វ័យរិន១០នាក់ ស្រី៤នាក់ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រ ០១ មណ្ឌល គឺមណ្ឌលបឋមសិក្សាស្បូវ មាន២បន្ទប់ បេក្ខជនសរុប៤៥នាក់ ស្រី២៣នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គម ០១ មណ្ឌល គឺមណ្ឌលវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស មាន១១បន្ទប់ បេក្ខជនសរុប ២៦៤នាក់ ស្វ័យរិន១០នាក់ផងដែរ ដោយឡែកគណៈមេប្រយោគទាំងពីរមណ្ឌល សរុប ៥២នាក់ ស្រី១៨នាក់ ។
ដើម្បីធានាកុំឲ្យមានការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងមណ្ឌលប្រឡង អនុគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រខេត្ត បានត្រៀមឧបករណ៍តេស្តរហ័ស សម្រាប់ធ្វើតេស្តបេក្ខជន ដោយធ្វើការពិនិត្យកំដៅ បាញ់អាល់កុល មុនចូលប្រឡង និងបានបិតស្ទិកគ័រ បញ្ជាក់សុខភាព នៅលើសាលាកបត្រឯកតជន របស់បេក្ខជន និងរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវនៅក្នុងពេលដំណើការប្រឡងផងដែរ៕ ដោយ ៖ ទ្រី ហៀន