
ឆ្នាំ២០២២ ពិភពលោកអាចនឹងជួបប្រទះអាកាសធាតុដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ
អន្តរជាតិ ៖ ឆ្នាំ២០២២ត្រូវបានគេព្យាករណ៍ថា ជាឆ្នាំដ៏ក្តៅបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយគូសបញ្ជាក់ពីការព្រួយបារម្ភអំពីតម្រូវការក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ការិយាល័យព្យាករណ៍អាកាសធាតុ ចក្រភពអង់គ្លេស (Met Office) បាននិយាយកាលពីថ្ងៃអង្គារ ថាសីតុណ្ហភាពសកលជាមធ្យមត្រូវបានគេរំពឹងថានឹងមានប្រហែល ១.០៩ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម ខណៈពេលដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងចុះបន្តិចក្នុងឆ្នាំខ្លះចាប់តាំងពីឆ្នាំ២០១៥ក៏ដោយ ប៉ុន្តែឆ្នាំ២០២២នឹងក្លាយជាឆ្នាំទី៨ជាប់ៗគ្នាដែលសីតុណ្ហភាពមានកម្រិតលើ១អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម។
អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា សីតុណ្ហភាពពិភពលោកនឹងបន្តកើនឡើង បើគ្មានការកាត់បន្ថយខ្លាំងក្លានៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទេនោះ។ វានឹងបណ្តាលឲ្យមានបាតុភូតអាកាសធាតុនានាដូចជារលកកម្តៅកាន់តែញឹកញាប់ និងគំរាមកំហែងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើន ព្រមទាំងផលប៉ះពាល់ដល់ផលិតកម្មអាហារ។
អង្គការសហប្រជាជាតិបាននិយាយថា ទិន្នផលដំណាំសកលអាចធ្លាក់ចុះប្រហែល៣០ភាគរយដោយសារតែការប្រែប្រួលអាកាសធាតុ ខណៈដែលតម្រូវការស្បៀងអាហារត្រូវបានគេរំពឹងថានឹងកើនឡើង៥០ភាគរយនៅក្នុងទសវត្សរ៍ខាងមុខនេះ។
លោក Doug Smith អ្នកជំនាញផ្នែកព្យាករណ៍អាកាសធាតុរបស់ Met Office បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស៊េរីនៃការកើនឡើងសីតុណ្ហភាពជាមធ្យមចាប់តាំងពីឆ្នាំ២០១៥ មកបានបង្ហាញឲ្យឃើញពីការប្រែប្រួលសីតុណ្ហភាពដ៏ខ្លាំងក្លានៅទូទាំងពិភពលោក។ ទីតាំងមួយចំនួនដូចជាតំបន់អាក់ទិក បានឡើងកម្តៅច្រើនដឺក្រេចាប់តាំងពីសម័យមុនឧស្សាហកម្មមក។
កិច្ចពិភាក្សាស្តីពីអាកាសធាតុនាពេលថ្មីៗនេះរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow បានព្យាយាមរក្សាដែនកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកត្រឹម ១.៥ អង្សាសេលើសសម័យមុនឧស្សាហកម្ម។ប៉ុន្តែយ៉ាងណាមិញ ការិយាល័យ Met Office និយាយថា សីតុណ្ហភាពឆ្នាំក្រោយនឹងថយចុះបន្តិចដោយសារឥទ្ធិពលនៃគំរូអាកាសធាតុ La Nina នៅប៉ាស៊ីហ្វិក៕