មី​យ៉ាន់​ម៉ាដោះលែងអ្នកទោសនយោបាយ​រាប់រយ​នាក់​​ ក្រោយរងសម្ពោធពីអាស៊ាន​

ណៃ​ពិដោ​ ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​មី​យ៉ាន់​ម៉ាបានឱ្យដឹងថា អ្នកទោសនយោបាយ​រាប់រយ​នាក់​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ Insein របស់​មី​យ៉ាន់​ម៉ា រួមទាំង​អ្នកនាំពាក្យ​គណបក្ស​លោកស្រី អ៊ុង​សាន​ស៊ូ​ជី (Aung San Suu Kyi’s) និង​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​ផងដែរ​។

ការលើកលែងទោស​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីប្រកាស​របស់​សមា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ថា លោក ​មីន ​អ៊ុង​ឡាំង នឹងមិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ នៅ​ចុងខែ​នេះ​ទេ ដោយសារតែ​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​មាន​ភាពច្របូកច្របល់​ខ្លាំង និង​ការ​អនុវត្តតាម​មតិ​ឯកច្ឆន្ទ​ចំនួន ៥ ចំណុច​ដែល​បាន​ព្រមព្រៀងគ្នា មិនបាន​គ្រប់គ្រាន់​។

អ្នកទោស​ទាំងនោះ​បាន​ដើរចេញ​ពន្ធនាគារ បន្ទាប់ពី​ទូរទស្សន៍​រដ្ឋ​បានប្រកាស​ពី​ការលើកលែងទោស ចំ​ថ្ងៃ​នៃ​ពិធី​បុណ្យជាតិ Thadingyut ផងដែរ​។ សេចក្តីប្រកាស​នេះ​បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​មួយ ដោយ​លោក មីន​អ៊ុង​ឡាំង ជា​មេបញ្ជាការ​កងទ័ព​ដែល​បាន​ដណ្តើម​អំណាច នៅក្នុង​រដ្ឋប្រហារ កាលពី​ខែកុម្ភៈ ដែល​បានធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូលក្នុង​ភាពចលាចល​ផ្នែក​នយោបាយ​យ៉ាងខ្លាំង​។ ក្រោយ​ចប់​សុន្ទរកថា​ភ្លាម មនុស្ស​ជាច្រើន​នាក់​បាន​ប្រញាប់ប្រញាល់​ទៅ​ពន្ធនាគារ នៅ​ទីក្រុង យ៉ាំង​ហ្គោ​ន (Yangon) ដោយ​សង្ឃឹមថា​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេនឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​៕