វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៤,៨៧២ករណីបន្ថែមទៀត និងស្លាប់២០៤នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៧២ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២០៤នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើមាន០៥នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈរដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៩៤៨ករណី និងហូជីមិញបានរាយការណ៍ ចំនួន៥៦០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៨៩២ករណី, ខេត្ត Tây Ninh ចំនួន៩៤៣ករណី និងខេត្ត Hải Phòng ចំនួន៩៣១ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៦៦,៥៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២៥៩,៦១៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៤១៨នាក់៕