តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាស សាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី

រ៉ង់ហ្គូន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តុលាការយោធាមីយ៉ាន់ម៉ាបានពន្យារពេលចំពោះការប្រកាសសាលក្រមផ្តន្ទាទោស អតីតមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពីបទចោទប្រកាន់ចំនួន ០២ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះវិញ។

ដើមឡើយ តុលាការមីយ៉ាន់ម៉ាគ្រោងប្រកាសសាលក្រមផ្តន្ទាទោស លោកស្រី Aung San Suu Kyi នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់ លើការកាន់កាប់ដោយខុសច្បាប់នូវឧបករណ៍វិទ្យុទាក់ទង ដែលជាបទចោទប្រកាន់ទី២ ក្នុងចំណោមបទចោទប្រកាន់រាប់សិបករណីទៀត ប្រឆាំងនឹងរូបលោកស្រី ដោយសរុបចូលគ្នាអាចនាំឲ្យអតីតមេដឹកនាំ ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំរូបនេះ ជាប់ពន្ធនាគាររហូតដល់ជាង ១០០ឆ្នាំឯណោះ។ ប៉ុន្តែលោកស្រី Suu Kyi បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ជុំវិញការចោទប្រកាន់នេះដែរ ក្រុមអ្នកគាំទ្រលោកស្រី Aung San Suu Kyi បាននិយាយថា បទចោទប្រកាន់ប្រឆាំងនឹងលោកស្រី គឺគ្មានមូលដ្ឋាន ហើយត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់នូវបញ្ហាប្រឈមទាំងអស់ ដែលលោកស្រីបង្កឡើង ចំពោះការឡើងកាន់កាប់អំណាចរបស់យោធាប៉ុណ្ណោះ។

សូមរម្លឹកថា លោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល០២ឆ្នាំរួចហើយ ដែលនាពេលឥឡូវនេះ លោកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួន នៅទីតាំងដែលមិនត្រូវបានបង្ហើបឱ្យដឹងឡើយ៕