ថ្ងៃនេះ​ ថៃមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​២,៣០៥​ករណី ​និង​ស្លាប់​៣២​នាក់​បន្ថែមទៀត​

បាងកក ៖ ​ក្រសួងសុខាភិបាលថៃ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះបានប្រកាសពីការបន្តរកឃើញករណី​ឆ្លង​ថ្មី នៃជំងឺកូវីដ-១៩ ​ចំនួន ២,៣០៥​ករណីបន្ថែមទៀត និង​អ្នកស្លាប់​​ចំនួន៣២នាក់ទៀតផងដែរ ​ក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ។​

​បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន​២,២៥១​ករណី ជា​ប្រជាជន​ទូទៅ និង៥៤ករណី​ទៀត​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​។​ ដោយឡែក​នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ អ្នកជំងឺ​កូ​វីដ​១៩ ​ចំនួន​៣,០៧០​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះផងដែរ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​នៅ​ដើម​ឆ្នាំមុន ប្រទេស​ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ចំនួន ២,២១៤,៧១២​ករណី ដោយ​ក្នុងនោះ​ជាសះស្បើយ​ចំនួន ២,១៥៩,៤៤៣​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់មាន ២១,៥៣៦​នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២១,៦៣០​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​៕