ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជនចំនួន២៤ម៉ឺនដុល្លារ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជាឲ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ១៨២ ៥៥១ដុល្លារអាមេរិក និង ២៤៦ ០២៦ ៩០០រៀល (ប្រហែល៦ម៉ឺនដុល្លារ) ពីសប្បុរសជនសរុប ១១ ០៥៦ រូប ដែលរួមមានសមាជិកកិត្តិយស៦រូប, សមាជិកគាំទ្រ ៨ ០៧៩ រូប និងសប្បុរសជនផ្សេងៗ ២ ៩៧១ រូប។

ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យគំរូមួយ បានចូលរួមសកម្មភាពយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។

លោកអ្នកអាចចូលរួមបរិច្ចាគតាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និងភ្នាក់ងារ True Money ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១៕