អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងពង្រីកការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយបូមទឹកឆៅ១កន្លែងនៅក្នុងអាងទន្លេវ៉ៃគោ

ខេត្តស្វាយរៀង ៖ លោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង បានជម្រាបជូនដល់សាធារណជនក៏ដូចជាប្រជាពលរដ្ឋថា ដោយពេលបច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើបតែសម្រេចបានប្រមាណ ៤៤% ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពរ របស់ប្រជាពលរដ្ឋ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយបូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង)។

ប្រភពដដែលបានបន្តទៀតថា ការសាងសង់ស្ថានីយ៍បូមទឹកឆៅនេះ ត្រូវការចាក់អាចម៍ដីបំពេញជាបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយ៍បូមទឹកឆៅ(intake)បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ចំពោះអាចម៍ដីដែលបានចាក់ចូលទៅក្នុងទន្លេសម្រាប់បម្រើឱ្យការដ្ឋានខាងលើនឹងត្រូវយកចេញវិញទាំងអស់នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់១០០%។

ប្រភពដដែលបានបន្ថែមថា អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀងបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំក្នុងអំឡុងពេលការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោដើម្បីសាងសង់ស្ថានីយ៍បូមទឹកឆៅ៕ ដោយ ៖ ភក្តី