ប្រទេស​ជាច្រើន​នៅតំបន់​អឺរ៉ុប​កំពុង​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ជា​ថ្មី​ទៀត

អឺរ៉ុប ៖ ប្រទេស​ជាច្រើននៅ​តំបន់​អឺរ៉ុប​កំពុង​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ជា​ថ្មី​ទៀត ខណៈ​បណ្ដា​រដ្ឋាភិបាល​នៅ​ទូទាំង​ទ្វីប​នេះ​ជំ​រុញ​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ក្នុង​អំឡុង​រដូវ​កាល​ពិធីបុណ្យ​។ ​ជាក់ស្ដែង​ប្រទេស​អ៊ីតាលី​បាន​រឹត​បន្តឹង​ការ​រឹតត្បិត​របស់​ខ្លួន​បន្ថែ​ម​ទៀត ដោយ​រារាំង​មិន​ឱ្យ​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ចូល​ទៅ​ទី​សាធារណៈ​សំខាន់ៗ និង​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ពេល​ចេញ​ពី​ផ្ទះ​។​

​នៅ​ប្រទេស​បារាំង ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​នៅ​ក្រៅ​ផ្ទះ​ត្រូវ​បាន​ហាមឃាត់ ហើយ​ក្លឹប​រាត្រី​នឹង​បិទ​រហូតដល់​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២២​។​ នាយករដ្ឋមន្ត្រី​បារាំង លោក Jean Castex បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ (២៧ ធ្នូ​) ថា ​ចន្លោះ​ពេល​នៃ​ការ​ចាក់​វ៉ាក់សាំងត្រូវ​បាន​កាត់បន្ថយ​ម​ក​ត្រឹម ៣ខែ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ ​

កាលពី​ថ្ងៃ​ទី២៥​ ខែ​ធ្នូ ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​ថា ​ចំនួនករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ហក់​ឡើង​ជាង ១០០,០០០នាក់ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស​។​ ​ប្រទេស​អេ​ស្ប៉ា​ញ​នឹង​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស់​នៅ​ខាងក្រៅ​ផ្ទះ​ជា​កាតព្វកិច្ច​ជា​ថ្មី​ទៀត ​ដោយ​នាយករដ្ឋមន្ត្រី​កំណត់​ឱ្យ​អនុម័ត​ច្បាប់​ដោយ​ក្រឹត្យ​។ ​ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស COVID-19 ខ្ពស់​បំផុត​ស្រប​ពេល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រីក​រាលដាល​ខ្លាំង​។

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ទប់​ទល់នឹង​ការ​រឹតត្បិត​ថ្មី​នៅមុន​ថ្ងៃ​ឈប់សម្រាក ទោះបីជា​ខ្លួន​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ឆ្លង​វីរុស COVID-19 ដែល​កំពុង​ហក់​ឡើង​ខ្ពស់ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​បាន​កាន់​តែ​ច្រើន​ថែមទៀត​។​

​ចំណែក​នៅ​​បែលហ្ស៊ិក​វិញ​ការ​តវ៉ា​បាន​ផ្ទុះឡើង បន្ទាប់ពី​ប្រទេស​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​ថ្មី ដោយ​បិទរោងភាពយន្ត មហោ​ស្រព និង​សកម្មភាព​កម្សាន្ត​ក្នុងស្រុកផ្សេងទៀត ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាតត្បាត​។​

ក្រុម​បុគ្គលិក​ខាង​វប្បធម៌​ភាគច្រើន​ចំនួន ៥,០០០នាក់​បាន​អះ​អាង​ថា ​រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ជំហរ​មិន​ច្បាស់លាស់​របស់​ពួកគេ​។ ហើយ​បាតុកម្ម​ដោយ​ស្ងប់ស្ងាត់​បាន​កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស​។ ​នៅ​ប្រទេស​ក្រិ​ករាល់​ការ​ប្រគំ​តន្ត្រី​បុណ្យ​ណូអែល និង​ព្រឹត្តិការណ៍​ផ្សេងទៀត​ត្រូវ​បាន​លុបចោល​នៅក្រោម​ការ​រឹត​បន្តឹង​ថ្មី​ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដែល​រួមមាន​ការ​ពាក់​ម៉ាស់​ជា​កាតព្វកិច្ច​ពេល​ចេញ​ទៅ​ខាង​ក្រៅ និង​កន្លែង​សាធារណៈ​ទាំងអស់​៕