ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកទី២ ជូនសម្បទានិកក្នុងឃុំគោលដៅទាំង៥ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកទី២ ជូនសម្បទានិកក្នុងឃុំគោលដៅទាំង៥ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ខេត្តក្រចេះ។

ពិធីនេះរៀបចំឡើងនៅបរិវេណទីតាំងដីសម្បទានសង្គមកិច្ចភូមិអូរគគីរ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍រាយការណ៍បញ្ជាក់ពីគោលដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED)រយៈពេលកន្លងមក ដោយក្នុងនោះមានការគាំទ្រពីអង្គការGIZបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព អណ្តូងទឹក ព្រមទាំងផ្តល់ឧបករណ៍ជាសម្ភារៈកសិកម្ម និងសម្ភារផ្ទះបាយមួយចំនួនធំទៀត និងពូជដំណាំ ផ្ទាំងសូឡា ព្រមទំាងបានឈួសឆាយសម្អាតដី និងជួយបណ្តុះបណ្តាលផ្សេងៗទៀតផង។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការទទួលបានាពេលនេះគឺជាការតម្រង់ទិសដល់បងប្អូនសម្បទានិកដើម្បីធ្វើឲ្យកម្រិតមុខរបបនិងជីវភាពប្រចាំថ្ងៃមានការរីកចម្រើនបន្ថែមទៀត ហើយការទទួលបានដីនាពេលនេះគឺឲ្យបងប្អូនមានទ្រព្យជាកម្មសិទ្ធិស្រប់ច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផលដូចពលរដ្ឋដទៃទៀតដែល ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងបន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីមានសមត្ថកិច្ចដែលបានស្វិតស្វាញក្នុងការស្រាវជ្រាវដោះស្រាយទំនាស់ និងប្រគល់ដីជូនប្រជាពលរដ្ឋមុខសញ្ញាដែលខ្វះខាតទទួលបានដីពិតប្រាកដ ប្រកបដោយនីតិវិធី និងតម្លាភាព និងការកសាងហេដ្ឋារចនាសម្ព័ន ការរក្សាសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយនយោបាយឈ្នះឈ្នះ។ ទន្ទឹមនោះ ឯកឧត្តមក៏បានស្នើសុំដល់បងប្អូនសម្បទានិក មិនត្រូវលក់ដីរបស់ខ្លួនទៅឲ្យអ្នកដទៃនោះទេ គឺត្រូវខិតខំប្រកបរបបបង្ករបង្កើនផលដាំដុះប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវ ដើម្បីយកផលិតផល ឬទិន្នផលដែលផលិតបានទាំងនោះមករកបំពេញប្រាក់ចំណូលប្រចាំថ្ងៃ ដោយមិនចាំបាច់ពឹងផ្អែកមកលើគម្រោងឡើង៕ ដោយ ៖ ស៊ាន ច័ន្ទដា