វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៤,៤៤០ករណីបន្ថែមទៀត និងស្លាប់២១៤នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៤៤០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២១៤នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើមាន១៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈរដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន១,៩២០ករណី, ហូជីមិញបានរាយការណ៍ ចំនួន៦៧១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៩១១ករណី, ខេត្ត Tây Ninh ចំនួន៩២៣ករណី និងខេត្ត Khánh Hòa ចំនួន៧៩០ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៨០,៩៨៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២៦៤,២៨២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៦៣២នាក់៕