រុស្ស៊ីស្នើឲ្យបិទកន្លែងធ្វើការនៅទូទាំងប្រទេសមួយសប្តាហ៍ ចំពោះមុខករណីអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ កើនឡើង

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អាជ្ញាធររុស្ស៊ីនៅថ្ងៃអង្គារ ទី១៩ ខែតុលានេះបានស្នើឱ្យបិទកន្លែងធ្វើការនៅទូទាំងប្រទេសរយៈពេលមួយសប្តាហ៍នៅដើមខែវិច្ឆិកាខាងមុខនេះ ដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មី ហើយករណីឆ្លងថ្មីក៏បន្តកើនឡើងយ៉ាងខ្លាំងផងដែរ។

ឧបនាយករដ្ឋមន្រ្តីលោក Tatiana Golikova បានស្នើថា ថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី០៧ ខែវិច្ឆិកា គឺជាថ្ងៃមិនធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លង។

ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ១៩ របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា មានមនុស្សស្លាប់ថ្មីដោយសារកូវីដ១៩ ចំនួន ១,០១៥ នាក់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក។ ទន្ទឹមនោះ នៅថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៣,៧៤០ករណីផងដែរ។

សូមជម្រាបថា ប្រទេសរុស្ស៊ីក៏ធ្លាប់បានចាត់វិធានការស្រដៀងគ្នានេះ កាលពីលើកមុនៗផងដែរ។ ជាក់ស្តែងក្នុងកំឡុងពេលជំងឺរាតត្បាតនេះកើនឡើងខ្លាំងកាលពីខែមីនាឆ្នាំមុន អាជ្ញាធរបានសម្រេចបិទកន្លែងធ្វើការរយៈពេលប្រហែលមួយខែ ដើម្បីទប់ស្កាត់កូវីដ១៩៕