សាលាបឋមសិក្សាដែលជាអំណោយរបស់ឯកឧត្តម មាស សុភា និងលោកជំទាវ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកសកម្មពិសេស និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមអំណើរ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នក្នុងខេត្ត តាជី យាយជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ប្រាក់ សុវណ្ណ បានកោតសរសើរចំពោះការយកចិត្តទុក្ខដាក់នូវតម្រូវការចាំបាច់ចំពោះមុខក្នុងមូលដ្ឋាន ដែលកំពុងខ្វះខាតនូវអគារសិក្សា ដែលជាថ្នាលបណ្តុះនូវចំណេះដឹងដ៏សំខាន់ដល់កុលបុត្រ កុលធីតា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ឯកឧត្តមថា បន្ទាប់ពីសាងសាងអគារនេះរួចរាល់ សូមចូលរួមថែរក្សានូវអគារសិក្សានេះអោយ ល្អ គង់វង្ស និងយូអង្វែង។

ដើម្បីឆ្លើយតប និងតម្រូវការចាំបាច់របស់មាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី និងឃើញអំពីកង្វះខាតជាក់ស្តែង ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បាននាំយកអំណោយជាអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម មកផ្តល់ជូនតាមតម្រូវការជាក់ស្តែង ដែលប្រជាពលរដ្ឋកំពុងត្រូវការយ៉ាងចាំបាច់ ។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាសាង់សង់នេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានឲ្យដឹងថា អគារបឋមសិក្សមួយខ្នង មានបង្គន់អនាម័យ និងអណ្តូងស្នប់នេះ ត្រូវបានផ្តល់ជូន ទុកជាសម្បត្តិសាធារណៈ បំរើអោយសហគមន៍មូលដ្ឋាន និងសំរាប់ជាថ្នាលបណ្តុះចំនេះដឹង ដល់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃអណាគត។

ឯកឧត្តមបន្តថា នេះជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមលើសមិទ្ធិផលជាច្រើនឥតគណនា ដែលបានបង្កើតឡើងជាបន្តបន្ទាប់កន្លងមក រួមមានទាំងសមិទ្ធិផលនៃអាណាចក្រ និងពុទ្ធចក្រ នេះសបញ្ចាក់អោយឃើញពីការខិតខំប្រឹកប្រែង តាមរយៈវប្បធម៌ចែករំលែកដ៏ប្រពៃដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ក្នុងបរិយាកាសដែលប្រទេសជាតិប្រកបដោយសុខសន្តិភាព ៕