
គ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចសិង្ហបុរី លាលែងពីតំណែងមុនកិច្ចសន្យា
សិង្ហបុរី ៖ គ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចសិង្ហបុរីលោក Tatsuma Yoshida បានលាលែងពីតំណែង មួយឆ្នាំមុនកិច្ចសន្យារបស់គាត់ ខណៈកិច្ចសន្យានឹងផុតកំណត់នៅខែធ្នូ ឆ្នាំ២០២២។
ក្នុងសន្និសីទសារព័ត៌មាននៅសមាគមបាល់ទាត់សិង្ហបុរី (FAS) នៅថ្ងៃអង្គារ លោក Yoshida បាននិយាយថា លោកនឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ដើម្បីជួបជុំជាមួយគ្រួសាររបស់គាត់។
លោកបាននិយាយថា “វាពិកជាហេតុផលផ្ទាល់ខ្លួន ” សម្រាប់ការចាកចេញ។ លោក Yoshida បាននិយាយថា «ខ្ញុំបានសម្រេចចិត្តក្នុងនាមជាឪពុកមួយរូប ខ្ញុំមានកូនស្រី ២នាក់ និងក្នុងនាមជាប្តីមួយរូប។ គ្រប់គ្នាចង់ជួបជុំគ្រួសាររបស់ពួកគេ ហើយខ្ញុំក៏ដូច្នោះដែរ»។
បុរសវ័យ ៤៧ ឆ្នាំរូបនេះនឹងចាកចេញទៅប្រទេសជប៉ុននៅថ្ងៃទី ២៩ ខែធ្នូដែលជាផ្នែកនៃផែនការសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំរបស់គាត់ដែលត្រូវបានធ្វើឡើងមុនពេលគាត់សម្រេចចិត្តបញ្ចប់កិច្ចសន្យា។
សូមជម្រាបថា កិច្ចសន្យារបស់លោក Yoshida នឹងត្រូវបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី ៣១ ខែធ្នូ ហើយលោក បានចូលរួមជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកក្រុមសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ ២០១៩ ៕