អភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយបូមទឹកឆៅស្ថិតនៅទីតាំងអាងទន្លេវ៉ៃគោ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយបូមទឹកឆៅ មានទីតាំងស្ថិតនៅក្នុងអាង ទន្លេវ៉ៃគោ ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធនានាក្នុងខេត្តមួយចំនួនទៀត។

សូមជម្រាបជូនថា ដើម្បីធានាបាននូវនិរន្តរភាព ក៏ដូចជាការបំពេញសេចក្តីត្រូវការលើការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តស្វាយរៀង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិងកំពុងអនុវត្ត គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទាន សម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ រួមមាន ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយបូមទឹកឆៅមួយកន្លែងនេះ ស្ថិតនៅក្នុងអាង ទន្លេវ៉ៃគោ ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ។

ចំពោះការសាងសង់ស្ថានីយបូមទឹកឆៅនេះត្រូវការចាក់អាចម៍ដីបំពេញជាបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយបូមទឹកឆៅ (intake) បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ចំពោះអាចម៍ដីដែលបានចាក់ចូលទៅក្នុងទន្លេសម្រាប់បម្រើឱ្យ ការដ្ឋានខាងលើនឹងត្រូវយកចេញវិញទាំងអស់នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់១០០%៕