សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ ថ្នាក់​ទី​១២ ចំនួន​២,៣០២​នាក់ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ ថ្នាក់​ទី​១២ ចំនួន​២,៣០២​នាក់ បានធ្វើ​ទស្សនកិច្ច​សិក្សា នៅ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែលជា​សមិទ្ធផល​ដ៏​ល្អ​ប្រណិត​ថ្មី​មួយទៀត ដែល​ប្រទេស​កម្ពុជា​យើង ទើប​ទទួលបាន​ថ្មីៗ​នេះ និង​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ដឹកនាំ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២ ចំនួន​២,៣០២​នាក់ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ផ្តល់ឱកាស​ជូន សិស្សានុសិស្ស បាន​សិក្សា​ស្វែងយល់ អំពី​សំណង់​ប្រវត្តិសាស្ត្រ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ជាតិ និង​ជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ក្នុងសម័យ​តេ​ជោ​យើង​នេះ​។​

​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បន្ថែម​កម្មវិធីសិក្សា​ធំៗ ចំនួន​៩ រួមមាន ​៖

*​ទី​១៖ កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ​
*​ទី​២៖ កម្មវិធី​ពង្រឹងស្មារតី​
*​ទី​៣៖ កម្មវិធី​ទស្សនកិច្ច​សិក្សា​
*​ទី​៤៖ កម្មវិធីសិក្សា តាម​ទូរទស្សន៍​
*​ទី​៥៖ កម្មវិធី​ប្រកួតប្រជែង​សំណេរ​
*​ទី​៦៖ កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា​
*​ទី​៧៖ កម្មវិធី​ជជែក​ដេញដោល​
*​ទី​៨៖ កម្មវិធី​ប្រកួតប្រជែង ទេពកោសល្យ​
*​ទី​៩៖ កម្មវិធី កីឡា​។ កម្មវិធី​ទស្សនកិច្ច​សិក្សា ដែលជា​កម្មវិធី​បន្ថែម​ទី​៣ នេះ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ និង​បាន​បែងចែក ទៅតាម​កម្រិត​ថ្នាក់​ដូចជា​៖

-​ថ្នាក់​ទី​៤ ទស្សនកិច្ច​សិក្សា នៅ​ព្រះបរមរាជវាំង​
-​ថ្នាក់​ទី​៥ ទស្សនកិច្ច​សិក្សា នៅ​សារមន្ទីរ​ជាតិ​
-​ថ្នាក់​ទី​៦ ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ទួលស្លែង និង​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី​
-​ថ្នាក់​ទី​៧ ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​សួនសត្វ​ភ្នំ​តា​ម៉ៅ​
-​ថ្នាក់​ទី​៨ ទស្សនកិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ និង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​
-​ថ្នាក់​ទី​៩ ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ជាតិ និង​ភ្នំ​ប្រុស ភ្នំ​ស្រី ខេត្តកំពង់ចាម​
-​ថ្នាក់​ទី​១០ ទស្សនកិច្ច​សិក្សា​នៅ​ព្រះបរមរាជវាំង និង​ឧទ្យាន​ជាតិ​គីរីរម្យ​
-​ថ្នាក់​ទី​១១ ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ជាតិ និង​រមណីយដ្ឋាន​ប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ​
-​ថ្នាក់​ទី​១២ ទស្សនកិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ​, វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ខេត្ត​កែប​-​ភ្នំ​កំពង់ត្រាច និង​ស្រែអំបិល​ខេត្តកំពត​។​

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​សិក្សា​នេះ សិស្ស​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់ ត្រូវ​សរសេរ​របាយការណ៍ អំពី​លទ្ធផល ដែល​ខ្លួន​បានឃើញ និង​សិក្សា​ឈ្វេងយល់ ដើម្បី​ដាក់ពិន្ទុ​ប្រចាំខែ លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ផងដែរ​៕