ថ្ងៃនេះ ​ថៃមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៣,០៣៧​ករណីបន្ថែមទៀត ​និង​ស្លាប់​២៥​នាក់​

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះបានប្រកាសបន្តរកឃើញ​ករណី​ឆ្លងជំងឺកូវីដ-១៩ថ្មី ​ចំនួន ៣,០៣៧​នាក់បន្ថែមទៀត និង​អ្នកស្លាប់​ដោយសារដ៏កាចសាហាវនេះចំនួន២៥​នាក់​ទៀតផងដែរ ​ក្នុងរយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

បើតាមក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន ២,៩៥៦​ករណី​ជា​ប្រជាជន​ទូទៅ និង ៨១​ករណី​ទៀត​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​។ ​ដោយឡែក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៣,១១៥​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​នៅ​ដើម​ឆ្នាំមុន ប្រទេស​ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ចំនួន ២,២២០,៣២៤​ករណី ដោយ​ក្នុងនោះ​ជាសះស្បើយ​ចំនួន ២,១៦៥,២៥៣​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់មាន​២១,៥៧៨​នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២១,៦៤៧​នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​៕