
កូរ៉េខាងជើងបញ្ជាក់ថា មីស៊ីលដែលខ្លួនធ្វើតេស្តម្សិលមិញ ជាមីស៊ីលបាលីស្ទីក (SLBM) ប្រភេទថ្មី ចេញពីនាវាមុជទឹក
សេអ៊ូល ៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះថា ប្រទេសនេះពិតជាបានធ្វើតេស្ត មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ចេញពីនាវាមុជទឹកមួយគ្រឿងប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានអះអាងជាបន្តបន្ទាប់ អំពីការចាប់បានសញ្ញានៃការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយបានឲ្យដឹង នៅថ្ងៃពុធនេះថា មីស៊ីលផ្លោងប្រភេទថ្មីមានឈ្មោះថា SLBM ត្រូវបានបាញ់បង្ហោះឡើងចេញពីនាវាមុជទឹក១គ្រឿង។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មីស៊ីលនេះមានបច្ចេកវិទ្យាណែនាំការត្រួតពិនិត្យកម្រិតខ្ពស់ ដោយបន្ថែមថា វាត្រូវបានគេបាញ់ចេញពីនាវាតែមួយ ដែលកូរ៉េខាងជើងបានប្រើនៅក្នុងការសាកល្បងមីស៊ីលប្រភេទនេះ លើកដំបូងកាលពី៥ឆ្នាំមុន។ មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណា ដែលបញ្ជាក់ថា ការសាកល្បងបាញ់នោះមានវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមដែរ ឬទេ។
បើតាមក្រុមអ្នកជំនាញអន្តរជាតិ ដែលបានមើលឃើញរូបភាពបាញ់សាកល្បងមីស៊ីល បញ្ចេញដោយប្រទេសកូរ៉េខាងជើងនោះថា គ្រាប់មីស៊ីល SLBM ថ្មីខាងលើនេះ គឺមានរូបរាងតូច និងស្តើងជាង បើធៀបនឹងគ្រាប់មីស៊ីល SLBM ដែលទីក្រុងព្យុងយ៉ាងបានបង្ហាញកាលពីមុន ឬអាចថា វាជាគ្រាប់មីស៊ីល ដែលពុំធ្លាប់មានអ្នកបានឃើញនោះឡើយពីមុនមក។
ក្រុមអ្នកជំនាញថែមទាំងបានអះអាងទៀតថា គ្រាប់មីស៊ីលដែលមានទំហំកាន់តែតូច នោះក៏មានន័យថា វាអាចផ្ទុកបានកាន់តែច្រើននៅក្នុងនាវាមុជទឹកតែមួយគ្រឿង បើទោះបីជាត្រូវថមថយរយៈចម្ងាយ នៃការបាញ់ក៏ដោយ។ វាក៏មានន័យថា ការអភិវឌ្ឍនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាកំពុងរីកចម្រើនកាន់តែលឿន ដែលអាចឈានទៅដាក់ឲ្យធ្វើប្រតិបត្តិការនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានហាមឃាត់មិនឱ្យធ្វើការតេស្តមីស៊ីលក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕