សភាពាណិជ្ជកម្មខេត្តព្រះសីហនុបង្ហាញផែនការយុទ្ធសាស្ត្រ ៣ចំណុចក្នុងឆ្នាំ២០២១ និងបន្តអនុវត្តនាដើមឆ្នាំ២០២២

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ជួបសំណេះសំណាលជាមួយលោក ហួរ វីរៈ នាយកភូមិភាគនិរតី នៃសកលវិទ្យាល័យបៀលប្រាយ (BBU) និងលោកស្រី សេង សុភា នាយិកាសាខា សកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ (BBU)។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងគ្នា រវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្ត ស្តីពីការបង្កើតការងារដល់និស្សិតដែលកំពុងសិក្សា ឬបង្កើតមុខរបបមីក្រូ និងទទួលការបង្ហាត់ ដោយនាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្មខេត្ត ដើម្បីជួយដោះស្រាយក្នុងការបន្ឋូរបន្ថយបន្ទុករបស់អាណាព្យាបាល នៃថវិការៀនសូត្ររបស់និស្សិត ដោយចំណុចសំខាន់ក្នុងការរៀនផង ព្រមទាំងស្វែងរកបទពិសោធន៍ការងារ ឈានទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងពង្រឹងសមត្ថភាពដល់និស្សិតដោយរៀនចេះរស់ខ្លួនឯងគឺ ៖ (រៀនផង ធ្វើការផង)។

នាឱកាសនោះលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្ររបស់សភា ពាណិជ្ជកម្មទាំងបីចំណុចក្នុងឆ្នាំ២០២១ និងបន្តអនុវត្តនាដើមឆ្នាំ២០២២ខាងមុខនេះ ដោយក្នុង៣ចំណុចនោះមានដូចខាងក្រោម ៖

ទី១ .ចាប់ផ្តើមដំណើរការផ្សារធំ ២៥ខេត្ត/ក្រុងនាដើមឆ្នាំ២០២២ ដែលមានទីតាំងនៅឃ្លាំងលើទល់មុខសាលាចំការកៅស៊ូ។

ទី២.ជំរុញការអភិវឌ្ឍន៍វិស័យវ៉ារីវប្បកម្ម ចិញ្ចឹមត្រី បង្គា ក្តាម។ល។ នៅក្នុងស្រុកព្រែនប់ ។

ទី៣.ជំរុញការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានសេដ្ឋកិច្ចគ្រួសារសម្បូរបែប នៅភូមិទាំងប្រាំ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ឱ្យក្លាយជាសហគមន៍ កសិ-អេកូទេសចរណ៍ផ្ទះស្នាក់តាមមូលដ្ឋានប្រជាពលរដ្ឋ និងតាមដងព្រែកទឹកសាបនៅក្នុងស្រុកព្រៃនប់ ស្របទៅតាមមូលបទ វេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី៩ ការចាប់យកកាលានុវត្តភាព ក្នុងប្រក្រតីភាពតាមគន្លងថ្មី ជំរុញការស្តាឡើងវិញ និងភាពធន់សម្រាប់តំណរភ្ជាប់សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានោះផងដែរ លោក ហួរ វីរៈ នាយកភូមិភាគនិរតី នៃសកលវិទ្យាល័យបៀលប្រាយ (BBU) និងលោកស្រី សេង សុភា នាយិកាសាខា ក្រោយកិច្ចពិភាក្សា និងស្ដាប់ការធ្វើបង្ហាញរបស់លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួចមកលោកនាយកភូមិភាគនិរតី និងលោកស្រីនាយិកាសាខា (BBU) យល់ស្រប និងធ្វើកិច្ចសហប្រតិបត្តិការតាមផែនការយុទ្ធសាស្ត្ររបស់សភាពាណិជ្ជកម្មទៅលើចំណុចសំខាន់ទាំងបីនោះ និងរៀបចំពង្រាង (MOU) ជ្រើសរើសថ្ងៃសមស្របឈានទៅដល់ការចុះហត្ថលេខា រវាងសកលវិទ្យាល័យបៀលប្រាយ (BBU) និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាពេលខាងមុខនេះ៕ ដោយ ៖ ទឹង សុភាព