អបអរសាទរ​! កីឡាករ សារ៉េត គ្រី​យ៉ា ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ខណៈកីឡាករ៥នាក់ទៀតនឹងធ្វើ​តេស្ដ PCR បន្តបន្ទាប់​

ភ្នំពេញ ​៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា សារ៉េត គ្រី​យ៉ា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ ក្រោយ​សម្រាក​ព្យាបាល ១០​ថ្ងៃ នៅ​ប្រទេស​បា​រ៉ែ​ន​។ រីឯ​កីឡាករ ៥​នាក់​ទៀត រួមមាន ៖ ចាន់ វឌ្ឍនាកា​, គួច សុ​កុម្ភៈ​, កែវ សុខ​សិលា​, សឿ​យ វិសាល និង អ៊ា​ន ពិសី នឹងធ្វើ​តេស្ដ PCR តាម​ក្រោយ​។

​តាម​ការបញ្ជាក់​របស់​សាមីខ្លួន សារ៉េត គ្រី​យ៉ា បានធ្វើ​តេស្ដ PCR កាលពី​ម្សិលមិញ និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន​នៅថ្ងៃនេះ​។ បន្ទាប់មក​គេ​ក៏​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចេញទៅ​សម្រាក​នៅ​សណ្ឋាគារ​ខាងក្រៅ​។ គ្រី​យ៉ា បន្ដថា ការធ្វើ​តេស្ដ​មុនគេ​នេះ ព្រោះ​ខ្លួន​រកឃើញ​វិជ្ជមាន​មុន តាំង​ពីមុន​ការប្រកួត​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ មកម្ល៉េះ​។

​ចំណែក​កីឡាករ ៥​នាក់​ទៀត នឹងធ្វើ​តេស្ដ PCR ជា​បន្ដបន្ទាប់​តាម​ក្រោយ​។ បន្ទាប់ពី​ជាសះស្បើយ​ទាំងអស់គ្នា ទើប​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​។ ដូច្នេះ សារ៉េត គ្រី​យ៉ា នឹងត្រូវ​សម្រាក​នៅ​សណ្ឋាគារ​មួយកន្លែង ដើម្បី​រង់ចាំ​មិត្ត​រួម​ក្រុម​ផ្សេងទៀត ដែល​គ្រោង​នឹងធ្វើ​តេស្ដ​នា​ថ្ងៃទី​២១ ខែតុលា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់ គ្រី​យ៉ា​។​

​សូម​ជូនពរ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូប ជួបតែ​សំណាងល្អ ពិសេស​កីឡាករ ដែល​នឹងធ្វើ​តេស្ដ PCR នាពេល​ឆាប់ៗ​ខាងមុខ សូម​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់គ្នា ដើម្បី​ឆាប់​បាន​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ​។​
​គួរ​ដឹងថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូប​ខាងលើ បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​ន ក្នុងការ​ប្រកួត​ជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Asian Cup China 2023 ជាមួយ​ក្រុម​កោះ​ហ្គាំ ស្របពេល​ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ទាំង​២​ជើង ក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ​៕​ អត្ថបទ​ពី Cambodia SEA GAMES 2023