
កំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៧,០០០ករណី និងស្លាប់ ២៩១នាក់ក្នុង១ថ្ងៃ
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៧,០០០ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២៩១នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ មាន២០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន១,៨៦៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៩៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau មានចំនួន១,០០៩ករណី, ខេត្ត Tây Ninh ចំនួន៩៣៥ករណី និងខេត្ត Hải Phòng ចំនួន៧៨៨ករណី។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧១៤,៧៤២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៣៦,៦៤៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣២,១៦៨នាក់៕