
ប្រសិតពិសេសអង្គការសហប្រជាជាតិត្រៀមខ្លួនសហការជាមួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានបង្ហាញបំណងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅ ប្រទេសមីយ៉ាន់ម៉ា ដោយសន្តិវិធី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះ «លោកស្រីបណ្ឌិត Noeleen Heyzer បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ លោកស្រីបណ្ឌិត Noeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕