ពេញមួយឆ្នាំ២០២១ មនុស្សជិត១.៤ម៉ឺននាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង៤តោន

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់គណៈកម្មការប្រឆាំងគ្រឿងញៀនឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមានជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។

ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤ ៤១៥ករណី ដោយឃាត់មនុស្ស ៨ ៥៤៩នាក់ (ស្រី ៥៧៣នាក់), ករណីប្រើប្រាស់ចំនួន ១ ៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ (ស្រី ២២៤នាក់) និងអនុវត្ដន៍ដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់ (ស្រី ១៨នាក់)។

សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៤ ៤៣៥គីឡូក្រាម និងកញ្ឆា ៥២ ២១៤ដើម, កញ្ឆាសួតជាង ១៤១គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ ១២៤គ្រឿង, ម៉ូតូ ១ ៦៤៧គ្រឿង, ទូរស័ព្ទ ៥ ៨៥៣គ្រឿង, ជញ្ជីង ៣៣៦គ្រឿង, អាវុធខ្លី៤១ដើម, អាវុធវែង ៤២ដើម៕