
សាស្រ្តាចារ្យមកធ្វើកំណែប្រឡងបាក់ឌុបនៅភ្នំពេញ ចំនួន៩នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមគ្រូបង្រៀនធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត ដើម្បីធ្វើកំណែប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញជាង៨ពាន់នាក់ ត្រូវបានរកឃើញឆ្លង៩ករណី។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្តេតេជោ បានថ្លែងថា តាមរាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានសាស្រ្ដចារ្យចំនួន៩នាក់ នៅពេលធ្វើតេស្ដរហ័ស ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងចំណោមសាស្រ្ដចារ្យជាង ៨ពាន់នាក់ ដែលមករាជធានីភ្នំពេញ ដើម្បីធ្វើកំណែវិញ្ញាសាប្រឡងបាក់ឌុប។
សាស្រ្ដចារ្យទាំង ៩នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងបន្តពិនិត្យ និងតាមដានបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា នៅពេលប្រឡងបាក់ឌុប គឺមានសិស្សចំនួនតែ ៣នាក់ប៉ុណ្ណោះ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ហើយក៏ត្រូវអនុញ្ញាតឲ្យប្រឡង នៅកន្លែងព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕