
កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពាន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ
ភ្នំពេញ ៖ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រ។
សម្តេចបានថ្លែងដូច្នេះនៅក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
ចំណែក លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាក៏ បានថ្លែងឲ្យដឹងដែរថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។
លោកបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម៕