សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងអភិបាលខេត្តណាដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។ ចំណែកថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្ត ជាមួយក្រុមហ៊ុនលីឈួង គឺជាទង្វើពុករលួយ។ ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់លីឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចអស់តំណែង៕