
អភិបាលខេត្តក្រចេះប្រជុំជំរុញស្តីពីការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មីនៅក្នុងភូមិសាស្រ្តខេត្ត
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការជំរុញការងារបន្តចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ និងមេរោគបម្លែងថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ផែនការដែលបានគ្រោងទុក។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន លីណាត អភិបាលនៃគណៈអភិបាលរងខត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងលោក លោកស្រី ជាស្នងការរងខេត្ត លោកមេបញ្ជាការសិករងខេត្ត និងលោកតំណាងឲ្យមេបញ្ជាកងរាជអាវុធហត្ថខេត្តជា ច្រើនរូបផងដែរ ។
យោងតាមតាមរបាយការណ៍របស់លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានបញ្ជាក់ថា មន្ទីរសុខាភិបាលបានអនុវត្តការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានរួមមាន ៖ ចាក់ជូនប្រជាពរដ្ឋចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ លើកទី១ អនុវត្តចាក់វ៉ាក់សាំងបានចំនួន ៤៨.៥៦៦នាក់ ស្មើ៩៧,៤៤% លើកទី២ អនុវត្តចាក់បាន៤៥,៥៥៨នាក់ ស្មើ៩១,៤ % ។
លទ្ធផលសរុប គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុវត្តចាប់អាយុ១៨ឆ្នាំឡើង មន្ទីរសុខាភិបាលអនុវត្តចាក់វ៉ាក់សាំងជូនប្រជពលរដ្ឋបានចំនួន២២ ,៨៨៦នាក់ ស្មើ៩៩,៦១% លើកទី២ អនុវត្តចាក់បានចំនួន ២១៣,១១៤នាក់ ស្មើ៩២,៣% និងលើកទី៣ អនុវត្តចាក់វ៉ាក់សាំងបានចំនួន១៨.៥៤៦នាក់ ស្មើ ៨%។
លោក ងី ប៊ុនឡែន បានបន្តថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ខាងមុខនេះនឹងអនុវត្តចាក់បន្ថែមទៀត នៅភូមិ ឬ ឃុំ ណាដែលពុំបានទទួល មន្ទីរសុខាភិបាលនឹងបន្តចុះចាក់ឲ្យគ្រប់ៗគ្នាទៅតាមផែនការដែលបានគ្រោងទុក ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់បណ្តាមន្ទីរដែលពាក់ព័ន្ធទាំងអស់ ជួយណែនាំដល់ប្រជាពលរដ្ឋឲ្យអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីឲ្យបានគ្រប់ៗគ្នា ហើយអប់រំពួកគាត់ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិសេសអនុវត្តឲ្យបាននូវការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន «៣ការពារ ៣កុំ»៕ ដោយ ៖ ស៊ាន ចន្ទ័ដា