វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៥,៩៣៦ករណីទៀត និងស្លាប់ ១៩០នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៩៣៦ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៩០នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ មាន២០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,១០០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៦២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន១,៧៤៩ករណី, ខេត្ត Vĩnh Long ចំនួន៨៤២ករណី និងខេត្ត Tây Ninh ចំនួន៩១៩ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧៧៨,៩៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៩៧,១៥៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,០២១នាក់៕