សាលារៀន​នៅ​អាមេរិកពន្យារពេល​ការបើក​ដំណើរការ​ឡើងវិញ ដោយសារ Omicron កំពុង​វាយលុក​

វ៉ាស៊ីនតោន​ ៖ សាលារៀន​រាប់ពាន់​កន្លែង រួមទាំង​ក្នុង​ទីក្រុង​ធំៗ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក បាន​ពន្យារពេល​ការបើក​ដំណើរការ​ឡើងវិញ ហើយនឹង​បន្ត​ការសិក្សា​តាម​អន​ឡាញ ឬ​ពី​ចម្ងាយ ដោយសារ​ការកើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស Omicron ។​

ចំនួន​ឆ្លង​កាន់តែ​ច្រើនឡើងៗ​ធ្វើឱ្យ​មន្ត្រី​សុខាភិបាល​អាមេរិក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណដែល​ប្រព័ន្ធ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​ជាច្រើន​កំពុងមាន​ភាព​តានតឹង​ខ្លាំង​ដូចគ្នា​។

ទន្ទឹម​នោះ រដ្ឋ Maryland, រដ្ឋ Ohio, រដ្ឋ Delaware និង Washington, DC សុទ្ធតែ​ស្ថិតក្នុង​កម្រិត​មួយ​ដែលមាន​ហានិភ័យ​ខ្ពស់ ដោយសារ​ករណី​ឆ្លង​ថ្មី​នៅតែ​បន្ត​ហក់​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

ដោយឡែក លោក​វេជ្ជបណ្ឌិត Anthony Fauci (.​ភ្នំពេញ​ថ្មី​.) អ្នកជំនាញ​ជំងឺឆ្លង​កំពូល​របស់​អាមេរិក បាន​និយាយថា សហរដ្ឋអាមេរិក នៅតែមាន​កម្រិត​ហានិភ័យ​ឆ្លង​ខ្ពស់​ដដែល ហើយ​ឥឡូវនេះ​ជា​មធ្យម​មាន​ចំនួន ៤០០,០០០ ករណី​ក្នុង​មួយថ្ងៃ ជាមួយនឹង​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​កើនឡើង​ផងដែរ​។​

លោក បន្តថា ករណី​ឆ្លង​បច្ចុប្បន្ន គឺ​ហាក់​មានការ​កើនឡើង​ខ្លាំង ដែល​យើង​មិនដែល​ធ្លាប់​ឃើញ​ពីមុនមក​នោះទេ ហើយ​វា​ក៏​ខុសពី​ការរំពឹងទុក​របស់​យើង​ផងដែរ​។​

គួរ​បញ្ជាក់ថា វីរុស Omicron បានធ្វើ​ឲ្យ​មានការ​ផ្អាក​នូវ​សាលារៀន នៅ​ប្រទេស​មួយចំនួន ដោយ​សមត្ថភាព​ឆ្លង​លឿន និង​ធន់​នឹង​វ៉ាក់សាំង​របស់​វា​៕