ប្រជាកសិករប្រកបរបរដាំដំឡូងមីក្នុងខេត្តរតនគិរីសម្តែងការសប្បាយរីករាយ ចំពោះទីផ្សារដំឡូងមីឆ្នាំ២០២២នេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន

ខេត្តរតនគិរី ៖ លោក សឿន ពិសិទ្ធ អាយុ៤៦ឆ្នាំ ជាម្ចាស់ចំការដំឡូងមី ប្រមាណ១០ហិកតា ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ បានលើក ឡើងថា តម្លៃដំឡូងមីស្រស់ក្នុង១គីឡូ ៣៥០រៀលនិងដំឡូងមីក្រៀម១គីឡូ តម្លៃ៧០០រៀល។ លោកថា តម្លៃឆ្នាំនេះ ប្រជាកសិករអាចទទួលយកបាន បើប្រៀបធៀបនឹងឆ្នាំទៅមិញ មានតម្លៃទាបជាង ហើយឆ្នាំនេះលោកបានដាំលើផ្ទៃដី១០ហិកតា ដោយចំណាយដើមទុនប្រមាណ៤,៥០០ដុល្លារទៅ៥,០០០ដុល្លារ។ ដូច្នេះបើទូទាត់ទៅឆ្នាំនេះគាត់សល់ប្រាក់ចំណេញគួរសម ដែលអាចទទួលយកបាន។

ដោយឡែកក្រុមហ៊ុន ជា ទូច ត្រេឌីងប្រមូលទិញដំឡូងមីស្រស់ ដែលមានទីតាំងក្នុងភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ លោកស្រី ជា ទូច នាយិកាក្រុមហ៊ុនបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ក្រុមហ៊ុនលោកស្រី បានប្រមូលទិញដំឡូងមីស្រស់ក្នុង១ថ្ងៃ បានចំនួន៦០០តោនទៅ១២០០តោន ទើបរោងចក្រដំណើរការចង្វាក់ផលិតកម្មចេញជាម្សៅមីបាន។នាយិការូបនេះបញ្ជាក់ឲ្យដឹងទៀតថារោងចក្រទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ៣៦០រៀល ហើយមិនទទួលទិញដំឡូងមីក្រៀមនោះឡើយ។

ជាមួយគ្នានេះដែរ លោកស្រីនាយិកាក៏បានអំពាវនាវដល់ប្រជាកសិករដាំដំឡូងមី សូមយកមកលក់ឲ្យក្រុមហ៊ុន ក្រុមហ៊ុននឹងទទួលទិញតាមតម្លៃទីផ្សារជាក់ស្តែងប្រសើរជាងបងប្អូនដឹកទៅលក់នៅក្រៅប្រទេស ធ្វើឲ្យខាតពេលវេលាហើយតម្លៃទៀតសោធន៍មិនខុសគ្នានឹងតម្លៃក្នុងស្រុកប៉ុន្មានឡើយ។

បើតាមការបញ្ជាក់ពី លោក សយ សូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានឲ្យដឹងនៅថ្ងៃខែឆ្នាំដ៏ដែលនេះផងដែរ ថាក្នុងខេត្តរតនគិរី មានផ្ទៃដីដាំដំឡូងមី ជិត១ម៉ឺន ៦ពាន់ហិកតា បើប្រៀបធៀបនឹងឆ្នាំទៅ មានការកើនឡើងជាង១ពាន់ហិកតា។ ការកើនឡើងនេះ គឺដោយសារតម្លៃដំឡូងមីឆ្នាំនេះ មានភាពល្អប្រសើរចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ៕