វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៤,៨៦១ករណី និងស្លាប់២២៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារ

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៦១ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កចាសាហាវនេះ ចំនួន២២៤នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ មាន៣២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,៤៩៩ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៦៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Khánh Hòa មានចំនួន៧៩៧ករណី, ខេត្ត Bình Định ចំនួន៦០៨ករណី និងខេត្ត Tây Ninh ចំនួន៩១៦ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨០០,៧០៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤១៣,៣៨៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,២៤៥នាក់៕