សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ

ភ្នំពេញ ៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​អ្នកជំងឺកូវីដ-១៩​ ដែលមានស្ថានភាពធ្ងន់​កំពុងព្យាបាលនៅបន្ទប់ ICU នៅសល់ចំនួន១២៦នាក់​ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស​ មាន ជាង៥០០នាក់។ សម្តេចតេជោបន្តថា កម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ ខណៈយើងបានដើរមួយជំហានមុន៕