
មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងម្សិលមិញ ជាមីស៊ីលល្បឿនលឿនជាងសំឡេង
កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលបានបាញ់ចំគោលដៅដោយជោគជ័យ។
ការបាញ់បង្ហោះកាលពីថ្ងៃពុធ គឺជាលើកទីមួយហើយរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលា ហើយត្រូវបានរកឃើញដោយយោធាជាច្រើនក្នុងតំបន់ ដោយទាញការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
កូរ៉េខាងជើងបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូងក្នុងខែកញ្ញា ដោយចូលរួមការការប្រកួតប្រជែងជាមួយមហាអំណាចយោធាដើម្បីដាក់ពង្រាយប្រព័ន្ធសព្វាវុធទំនើប។
មិនដូចមីស៊ីល Ballistic ដែលហោះចូលទៅក្នុងលំហរខាងក្រៅមុនពេលត្រឡប់មកលើគន្លងចោតទេ មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងគឺហោះឆ្ពោះទៅរកគោលដៅនៅរយៈកម្ពស់ទាប ហើយអាចសម្រេចគោលដៅក្នុងល្បឿនលឿនជាងសំឡេង៥ដង ឬប្រហែល៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
របាយការណ៍របស់ KCNA បាននិយាយថា “ជោគជ័យជាបន្តបន្ទាប់ក្នុងការបាញ់សាកល្បងនៅក្នុងវិស័យមីស៊ីលល្បឿនលឿនជាងសំឡេង មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលពួកគេបានពន្លឿនកិច្ចការសម្រាប់ទំនើបកម្មកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្ររបស់រដ្ឋ”។
KCNA បានរាយការណ៍ថា នៅក្នុងការសាកល្បងកាលពីថ្ងៃពុធ ក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង បានផ្ដាច់ចេញពីឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត មុនពេលវាយប្រហារយ៉ាងជាក់លាក់ចំគោលដៅមួយនៅចម្ងាយ ៧០០គីឡូម៉ែត្រ។
KCNA បានបន្ថែមថា ការធ្វើតេស្តនេះក៏បានបញ្ជាក់ពីសមាសធាតុដូចជា ការគ្រប់គ្រងការហោះហើរ និងសមត្ថភាពរបស់វាក្នុងប្រតិបត្តិការនារដូវរងាផងដែរ៕