ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នឹងកាន់តែមានភាពសប្បាយរីករាយ

ភ្នំពេញ៖ ការប្រារព្ធពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។

ពិធីអបអរបុណ្យទន្លេនាពេលខាងមុខនឹងមានការសម្តែងសិល្បៈនានា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យអាហារមេគង្គ និងសកម្មភាពកម្សាន្តជាច្រើនទៀតនៅតាមដងស្ទឹងសៀមរាប និងនៅផាប់ស្ទ្រីត ក្នុងទីរួមខេត្ត។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សេចក្តី​ប្រកាសព័ត៌មាន បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកពិធីបុណ្យទន្លេ នៅថ្ងៃទី១៦ ខែមីនា។

ប្រភពបានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងរួមចំណែកក្នុងការជំរុញទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តសៀមរាប និងខេត្តជាប់ទន្លេផ្សេងទៀត ក៏ដូចជាការលើកកម្ពស់ភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយឈរលើគោលការណ៍ប្តូរវេន នៅតាមបណ្តាខេត្តជាប់ទន្លេ ហើយព្រឹត្តិការណ៍ដំបូង ត្រូវបានរៀបចំឡើង នៅខេត្តក្រចេះ ឆ្នាំ២០១៥ បន្ទាប់មក លើកទី២ នៅខេត្តស្ទឹងត្រែង លើកទី៣ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៤ នៅខេត្តកណ្តាល ទី៥ នៅ​ខេត្ត​កំពង់ឆ្នាំង ទី​៦ នៅខេត្ត​បាត់ដំបង និង​ទី​៧ នៅ​ខេត្ត​កំពង់ធំ។

នៅក្នុងព្រឹត្តិការណ៍​នេះ នឹងមាន​សកម្មភាព​សំខាន់ៗសម្រាប់​ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំង​មានការអុចកាំជ្រួចអបអរសាទរ​ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ​២០២៤ ព្រមទាំងយុទ្ធនាការ​ឆ្នាំ​ទស្សនាសៀមរាប ២០២៤។

២. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង​សកម្មភាព​កម្សាន្ត​នានា នៅតាមបណ្តោយដងស្ទឹង​សៀមរាប និងតំបន់ Pub Street ផងដែរ៕