រដ្ឋលេខាធិការក្រសួងរៀបចំដែនដីស្នើដល់ប្រធានមន្ទីរថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ឲ្យមានតម្លាភាព

ខេត្តមណ្ឌលគិរី ៖ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់លោក លឹម ចាន់សូភី ដែលទើបឡើងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិធីនេះ បានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ ណែនាំដល់ប្រធានមន្ទីរថ្មី ទី១. ត្រូវបន្តពង្រឹងសាមគ្កីភាពផ្ទៃក្នុង លើកទឹកចិត្តដល់មន្រ្តីសកម្មការងារ ពង្រឹងការគ្រប់គ្រងវត្តមាន ទី២. ជំរុញការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ និងនៅដែនសមត្ថកិច្ចខេត្តមណ្ឌលគិរី ទី៣. ជំរុញការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្នុងក្រុងសែនមនោរម្យ ចូលរួមទប់ស្កាត់ ការចុះបញ្ជីលើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ មិនទាន់ចុះបញ្ជី ដែលពុំមានភ្ជាប់គំនូសបង្ហាញប្លង់ភ្ជាប់ជាមួយទីតាំងដី មិនមាននិយាមកាមច្បាស់លាស់ និងបញ្ជីទទួលស្គាល់ដោយសុរិយោដី ៤. ជំរុញការដោះស្រាយវិវាទ ដែលនៅសេសសល់ដើម្បី រកភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ពិតប្រាកដ ទី៥. ចូលរួមទប់ស្កាត់ ការរំលោភបំពានដីរដ្ឋគ្រប់ប្រភេទ ដើម្បីធ្វើជាកម្មសិទ្ធិជាអាទិ៍ព្រៃឈើ តំបន់ការពារធម្មជាតិរបស់បរិស្ថាន ទី៦. បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទី៧. បន្តពង្រឹងការគ្រប់គ្រង ការដ្ឋានសំណង់ ដែលចេញវិធានការទាន់ពេលវេលា ទប់ស្កាត់បទល្មើស សំណង់គ្រប់ប្រភេទ ស្របតាមច្បាប់សំណង់ និងបន្តផ្សព្វផ្សាយ និងណែនាំដល់ពលរដ្ឋ ពិសេស ម្ចាស់សំណង់ឲ្យយល់ដឹងពីច្បាប់ និងលិខិតគតិដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោយរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ឋសាស្ត្រសំខាន់ៗ និងកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ពេលចាប់ផ្តើមការអភិវឌ្ឍន៍ខេត្តមួយនេះ ច្បាស់ណាស់ និងមានផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋ ប៉ុន្តែឯកឧត្តម ថង សាវុន មានជំនឿយ៉ាងមុតមាំពីស្មារតីចូលរួមរបស់ពលរដ្ឋ ដើម្បីកែប្រែតំបន់នេះស្របតាមចក្ខុវិស័យរបស់ប្រមុខដឹកនាំនៃរដ្ឋាភិបាលកម្ពុជា។ អភិបាលខេត្ត បញ្ជាក់ថា ការអនុវត្តន៍សកម្មភាពប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី បន្ទាប់ពីខេត្តសៀមរាប និងជួយឲ្យខេត្តមណ្ឌលគិរី ក្លាយជាខេត្តដែលលេចធ្លោលើវិស័យ កសិឧស្សាហកម្ម និងទេសចរណ៍។ ប៉ុន្តែការអភិវឌ្ឍន៍ និងជួបបញ្ហាបន្តិចបន្តួច ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដោយការពង្រីងផ្លូវ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។

ក្នុងពិធីប្រកាសនោះដែរ លោក ម៉ៅ ចំរើន ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ទៅជាអនុប្រធានមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក លឹម ចាន់សូភី ដែលបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី៕ ដោយ ៖ ផល្លិត ហៅរ៉ា